អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
06-08-2024 04:53 PM
បច្ចេកវិទ្យាប្លែកគួរឲ្យមោទនភាព អាចកែច្នៃកាកសំណល់ច្រើនប្រភេទទៅជារ៉ែផង ទឹកស្អាតផង និងថាមពលស្អាត

ប្រភព៖ https://economy.ams.com.kh/start-up-innovation/news/374water-technology-turn-wastes-into-water-mineral-and-even-clean-energy

បរទេស ៖ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងបញ្ហា និងវិបត្តិធំៗជាច្រើនគួរឲ្យព្រួយបារម្ភ ជាពិសេសដូចដែលយើងគ្រប់គ្នាបានទទួលស្គាល់ហើយ នោះគឺវិបត្តិកាកសំណល់ដែលមានចំនួនដល់ទៅរាប់រយលានតោនជារៀងរាល់ឆ្នាំ ហើយភាគច្រើនគឺមិនទាន់អាចយកមកកែច្នៃឡើងវិញបាននៅឡើយនោះទេ។គិតត្រឹមតែកាកសំណល់ពីសាធារណៈ ឬ Municipal Solid Waste ប៉ុណ្ណោះ ធនាគារពិភពលោកបានសិក្សាស្រាវជ្រាវរកឃើញមានទំហំដល់ទៅ ២០០០លានតោនជារៀងរាល់ឆ្នាំ ហើយប្រមាណជា ១ ភាគ ៣ គឺជាសំណល់ម្ហូបអាហារដែលសល់ពីការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។

ដោយមើលឃើញពីបញ្ហាទាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឈ្មោះថា 374Water បានខិតខំអភិវឌ្ឍបាននូវវិធីសាស្ត្រថ្មីមួយដែលអាចកែច្នៃកាកសំណល់សរីរាង្គគ្រប់ប្រភេទទៅជាទឹកស្អាតផង ទាញយកកំទេចរ៉ែផង និងផលិតវាបានទៅជាថាមពលស្អាតថែមទៀតផង។បច្ចេកទេសកែច្នៃកាកសំណល់របស់ 374Water មិនត្រឹមតែអាចកែច្នៃបានដូចការលើកឡើងខាងលើនោះទេ ថែមទាំងអាចធ្វើការជាមួយនឹងប្រភេទកាកសំណល់ផ្សេងទៀតដូចជាកាកសំណល់រឹង កាកសំណល់មីក្រូប្លាស្ទិក ក៏ដូចជាកាកសំណល់គីមីមិនងាយរលាយផងដែរ។

ក្រុមហ៊ុនបានអះអាងថា បច្ចេកវិទ្យាដែលខ្លួនកំពុងប្រតិបត្តិការនោះត្រូវបានហៅឈ្មោះថា Supercritical Water Oxidation ដែលទាំងខ្យល់ និងទឹកត្រូវបានប្រើប្រាស់ជាមួយនឹងសំពាធកំដៅដ៏ខ្ពស់បំផុត។ វិធីនេះនឹងអាចបង្កើតបានជាលក្ខខណ្ឌមួយដែលអនុញ្ញាតឲ្យកាកសំណល់ទាំងនោះអាចបំប្លែងខ្លួនទៅជារ៉ែផ្សេង សារជាតិទឹកផ្សេង និងថាមពលស្អាតផ្សេងបាន។374Water ប្រើប្រាស់ម៉ាស៊ីនបំពាក់បច្ចេកវិទ្យា Supercitical Water Oxidation មានរូបរាងដូចទៅនឹងទូកុងទីន័រដែលចំណេញទាំងពេលវេលា ចំណេញទាំងទីតាំង និងការប្រើប្រាស់បានយ៉ាងងាយស្រួលសម្រាប់ក្រុមការងារ។អាជីវកម្មរបស់ 374Water ត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏មាននិរន្តភាពចំពោះបរិស្ថាន ហើយថែមទាំងអាចផលិតបានជាធនធានប្រើប្រាស់ឡើងវិញ ក៏ដូចជាថាមពលប្រើប្រាស់ឡើងវិញក្នុងពេលដំណាលគ្នា ដែលទាំងអស់នេះហើយជាកត្តាធ្វើឲ្យក្រុមហ៊ុនទទួលបានរង្វាន់ជាច្រើន ដូចជា Yes San Francisco Urban Sustainability Challenge ជាដើម៕