អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
06-08-2024 04:24 PM
រដ្ឋមន្ត្រីឧស្សាហកម្មណែនាំសហគ្រិនស្ត្រីរៀបចំអាជីវកម្មចូលក្នុងប្រព័ន្ធ ដើម្បីបង្កើនលទ្ធភាពទទួលបានទុន

ប្រភព៖https://economy.ams.com.kh/economic/news/industry-minister-introduces-women-entrepreneurs-into-system-to-increase-access-to-financial-capital-and-skills-development-opportunities

ភ្នំពេញ ៖ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានលើកឡើងថា សមាគមសហគ្រិនស្ត្រីកម្ពុជាកំពុងតែជួបប្រទះបញ្ហាមួយចំនួនដូចជាការលក់ធ្លាក់ចុះលទ្ធភាពចំណេញតិច និងចំណាយប្រតិបត្តិការខ្ពស់ ខណៈសមាគមដែលបច្ចុប្បន្នមានសមាជិកប្រមាណ១ពាន់នាក់កំពុងខិតខំជួយសម្រួលដល់ការផ្គូផ្គងផលិតផល តាមរយៈការកសាងបណ្តាញអាជីវកម្ម និងការចូលរួមក្នុងពិព័រណ៍ផលិតផលនានា។នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនាពេលថ្មីៗនេះ លោកជំទាវបានលើកឡើងថា ៖ បញ្ហាប្រឈមរបស់សហគ្រិនស្ត្រីកម្ពុជាគឺភាគច្រើនកំពុងធ្វើអាជីវកម្មធុនមីក្រូ និងតូច និងមានការយល់ដឹងតិចតួចអំពីស្តង់ដារ និងនីតិវិធីសម្រាប់ការនាំចេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្មីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ចាប់យកនវានុវត្តន៍ ដើម្បីជួយគាំទ្រសហគ្រិនស្ត្រីកម្ពុជាកាន់តែច្រើនឱ្យទទួលបានជោគជ័យមួយកម្រិតទៀត។ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូសមាគមអំពីគោលដៅរបស់អាស៊ានក្នុងការធ្វើសុខដុមនីយកម្មស្តង់ដារនៅឆ្នាំ២០២៥ខាងមុខដែលនឹងតម្រូវឱ្យផលិតផលបំពេញតាមស្តង់ដារទាំងនោះ មុននឹងអាចនាំទៅចេញលក់នៅប្រទេសណាមួយក្នុងតំបន់។ ឯកឧត្តមបានស្នើឱ្យសមាគមលើកកម្ពស់ការចូលក្នុងប្រព័ន្ធក្នុងចំណោមសមាជិករបស់ខ្លួន ព្រមទាំងសហការជាមួយក្រសួង និងដៃគូនានា ដូចជាសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។


ឯកឧត្តមបានលើកឡើងថា៖

«ដើម្បីឱ្យមានភាពប្រកួតប្រជែង វាជារឿងសំខាន់ដែលយើងត្រូវរៀបចំអាជីវកម្មរបស់យើងឱ្យចូលក្នុងប្រព័ន្ធ ចាប់យកស្តង់ដារ និងធ្វើតេស្តគុណភាពផលិតផលឱ្យបានត្រឹមត្រូវ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងធ្វើកំណែទម្រង់មន្ទីរពិសោធន៍ជាតិរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់វិស័យឯកជន»។


ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យសមាគមផ្តោតអាទិភាពលើអភិបាលកិច្ចស្ថាប័ន និងភាពជាតំណាងរបស់សមាជិក ដោយស្នើសមាគមឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអូស្ត្រាលីជាដើម។ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃការចូលក្នុងប្រព័ន្ធរបស់អាជីវកម្ម ដើម្បីបង្កើនលទ្ធភាពទទួលបានទុន ហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍន៍ជំនាញ។លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យសមាគមបង្កើតគោលការណ៍ណែនាំស្តីពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន ជាពិសេសធុរកិច្ចថ្មី ដោយផ្តោតលើសុច្ចរិតភាពអាជីវកម្ម។ ឯកឧត្តមបានណែនាំឱ្យអនុវត្តការត្រួតពិនិត្យដោយខ្លួនឯង តាមរយៈសមាគម ដោយរៀបចំការប្រកួតប្រជែងពានរង្វាន់សុចរិតភាពអាជីវកម្ម ដើម្បីលើកទឹកចិត្តសមាជិកឱ្យអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់សមាជិកសមាគមឱ្យពិចារណាចងក្រងគ្នា ដើម្បីទទួលបានប្រយោជន៍ពីសេដ្ឋកិច្ចវិមាត្រ តាមរយៈការប្រមូលផ្តុំកម្លាំងផលិត និងការអភិវឌ្ឍចង្កោមផលិតកម្ម។ ឯកឧត្តមបានលើកទឹកចិត្តសមាគមឱ្យចាប់យកនវានុវត្តន៍ ដោយបន្ថែមថា ផលិតផលប្រពៃណីដូចជាសូត្រអាចត្រូវបានច្នៃ មិនត្រឹមតែសម្រាប់ផលិតជាសម្លៀកបំពាក់ទេ តែពង្រីកទៅផលិតផលផ្សេងទៀត ដូចជាគ្រឿងតុបតែងផ្នែកខាងក្នុងសណ្ឋាគារ ឬអគារធំៗ ដើម្បីបង្កើនទីផ្សារផលិតផលទាំងនោះ៕