បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា បញ្ញាសិប្បនិម្មិត AI កំពុងត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងជាច្រើន ហើយទីក្រុងខ្លះបានប្រើប្រាស់វាចាប់តាំងពីដំណើរការជំនាន់ដំបូងបង្អស់របស់ AI។ ដើម្បីក្លាយជាទីក្រុងឆ្លាតវៃ ការប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យា និង AI នឹងជួយសម្រួលសេវាកម្មសាធារណៈ អាចជួយជំរុញកំណើនសេដ្ឋកិច្ច និងទទួលបានភាពទាក់ទាញ។
យោងតាម City AI Connect ជាវេទិកាឌីជីថលថ្មីដែលភ្ជាប់រដ្ឋាភិបាលក្នុងតំបន់សាកល្បងបញ្ញាសិប្បនិម្មិតទូទៅបានបញ្ជាក់ថា ករណីប្រើប្រាស់បច្ចុប្បន្នរួមមានការបង្កើត chatbots ច្រើនភាសា ដើម្បីបង្កើនភាពងាយស្រួលនៃសេវាកម្ម និងសម្រួលកាលវិភាគដឹកជញ្ជូនសាធារណៈ។ ខាងក្រោមនេះគឺជាទីក្រុងចំនួន ៤ នៅលើពិភពលោកដែលកំពុងឈានមុខគេជាមួយនឹងបច្ចេកវិទ្យា។
១. ទីក្រុង Buenos Aires គឺជារដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន បានបើកដំណើរការ chatbot របស់ខ្លួនដែលមានឈ្មោះថា “Boti” នៅឆ្នាំ ២០១៩។ Boti បានវិវត្តន៍ជាមួយ AI ជំនាន់ថ្មីដោយសម្រេចបាន ១១ លានសន្ទនាក្នុងខែមករា ឆ្នាំ២០២២ ហើយវាបានក្លាយជាបណ្តាញទំនើបដែលប្រជាពលរដ្ឋពេញចិត្ត។ វាបានបម្រើការជាបណ្តាញផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ការធ្វើតេស្ត និងការចាក់វ៉ាក់សាំងក្នុងអំឡុងពេលរាតត្បាត ប៉ុន្តែឥឡូវនេះ វាបានពង្រីកវិសាលភាពរបស់ខ្លួនដើម្បីរួមបញ្ចូលសេវាកម្ម ដូចជា សេវាកម្មជិះកង់ និងការថែទាំសង្គម។
២. សិង្ហបុរី គឺទីក្រុងដំបូងគេរបស់ពិភពលោកដែលមាន Digital Twin (គំរូបច្ចេកវិទ្យាភ្ជាប់ពិភពរូបវន្តជាមួយឌីជីថលដោយការចម្លងជាក់ស្តែងនៃរូបវន្តទៅជារូបនិមិ្មត ហើយវាត្រូវបានប្រើប្រាស់នៅក្នុងទិន្នន័យ 3D និងក្រាហ្វិក ដើម្បីបង្កើតស្ថាបត្យកម្មនិម្មិត និងម៉ូដែលផ្សេងៗទៀត)។ ឥឡូវនេះ តាមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពីឆ្នាំមុន សិង្ហបុរីបានបង្កើតឡើងជាមួយនឹងដំណោះស្រាយ Gen AI ជាង ១០០។ ស្របពេលដែលរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនលើពិភពលោកកំពុងចាត់វិធានការប្រុងប្រយ័ត្នចំពោះ AI និងណែនាំផ្លូវការពារ រដ្ឋាភិបាលសិង្ហបុរីចង់ប្រើប្រាស់បច្ចេកវិទ្យាច្រើនបំផុតក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចសិង្ហបុរីទទួលយក និងប្រើប្រាស់ AI។
៣. ទីក្រុង Amsterdam៖ មូលដ្ឋានគ្រឹះនៃជំនាន់ AI chatbots ដូចជា ChatGPT អាចបំប្លែងភាសាធម្មជាតិទៅជាភាសាបច្ចេកទេសដោយប្រើប្រាស់ទិន្នន័យពាក្យ។ ឥឡូវនេះ គម្រោងស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ Amsterdam កំពុងផ្លាស់ប្តូរពាក្យសម្រាប់ម៉ូលេគុលគីមីទៅជាពាក្យថ្មី ឬ សម្ភារៈថ្មីមួយទៀតប្រកបដោយនិរន្តរភាព។ Bernd Ensing សាស្ត្រាចារ្យដឹកនាំនៃគម្រោង Artificial Intelligence for Sustainable Molecules and Materials (AI4SMM) លើកឡើងថា ការអនុវត្តវិធីសាស្រ្តគំរូ AI ចំពោះធាតុគីមី ឬ សម្ភារៈដែលពួកគេប៉ះក្នុងនាមជាអ្នកគីមីវិទ្យា។ ពួកគេបង្កើតម៉ូលេគុលថ្មី និងសម្ភារៈថ្មី ហើយការប្រើប្រាស់ AI អាចជួយពួកគេក្នុងកិច្ចការនោះ ព្រមទាំងអាចនឹងផ្លាស់ប្តូររបៀបដែលពួកគេធ្វើការងារវិទ្យាសាស្ត្រ ហើយពួកគេនឹងមិនសូវពឹងផ្អែកលើវិចារណញាណគីមីថែមទៀតផង។ ក្រុម AI4SMM ដំបូងផ្តោតលើការអភិវឌ្ឍប្រូតេអ៊ីនថ្មីលើរុក្ខជាតិ ដែកថែបប្រកបដោយនិរន្តរភាព ប្លាស្ទិកសុវត្ថិភាព និងអំបិលស្តុកទុកថាមពល។
៤. ទីក្រុង Dallas៖ ស្របពេលដែលរថយន្តស្វយ័តបើកបរដោយខ្លួនឯងត្រូវបានសាកល្បងរួចហើយជាមួយនឹងកម្រិតនៃភាពជោគជ័យផ្សេងៗគ្នា ឥឡូវនេះ រថយន្តប្រភេទថ្មីដែលបើកបរដោយខ្លួនឯងកំពុងត្រូវបានសាកល្បងរវាងទីក្រុង Dallas និង Houston ក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក។
យោងតាម MIT Technology Review បានឲ្យដឹងថា ស្របពេលដែលស្តង់ដារនៃរថយន្តស្វយ័តប្រើប្រាស់ទិន្នន័យ និងរូបថតដើម្បីរៀបចំផែនការផ្លូវ និងកំណត់អត្តសញ្ញាណវត្ថុ ប្រព័ន្ធ Copilot4D ថ្មីនឹងត្រូវបានបណ្តុះបណ្តាលលើឧបករណ៍ចាប់សញ្ញា lidar ដែលអាចកំណត់ចម្ងាយរបស់វត្ថុ និងកំណត់ផែនទី 3D ជុំវិញរថយន្ត។ នេះមានន័យថា យានជំនិះអាចបង្កើតការទស្សន៍ទាយអំពីបញ្ហា និងអ្វីដែលអាចនឹងកើតឡើងរហូតដល់ ១០ វិនាទីនៅពេលខាងមុខ។ Raquel Urtasun នាយកប្រតិបត្តិនៃ Waabi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសម្រាប់រថយន្តស្វយ័តបើកបរដោយខ្លួនឯង ហើយក៏ជាអ្នកនៅពីក្រោយការបង្កើតថ្មីនេះ លើកឡើថា គំរូ “AI-first” របស់ពួកគេនឹងសិក្សាពីទិន្នន័យជាមុនសិនជាជាងប្រតិកម្មចំពោះស្ថានភាពជាក់លាក់។ ប្រសិនបើយានជំនិះ AI ជំនាន់ថ្មីទាំងនេះបង្ហាញថាមានសុវត្ថិភាព និងអាចទុកចិត្តបានជាងរថយន្តជំនាន់មុន នោះសក្តានុពលរបស់វាអាចដោះស្រាយបញ្ហាមួយចំនួនរួមមាន ការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ការបំភាយកាបូន និងកង្វះកម្លាំងពលកម្ម៕