អត្ថបទ
បណ្តុះ ឬបង្កើនសហគ្រិនភាព៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពចែករំលែកបទពិសោធន៍ ក៏ដូចជាទទួលយកនូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតនូវអ្វីដែលថ្មីជាប្រយោជន៍ក្នុងសង្កមជាតិ និងតម្រូវការតាមរយៈនវានុវត្តន៍។
06-08-2024 05:02 PM
ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ប្រភព៖https://economy.ams.com.kh/start-up-innovation/news/two-government-institutions-jointly-promote-the-modernization-of-agricultural-communities-and-transform-agriculture-from-family-to-agricultural-economics-enterprises

ភ្នំពេញ ៖ ស្ថាប័នរដ្ឋចំនួន ២ បានសហការគ្នាជំរុញកំណើន និងទំនើបកម្មនៃសហគមន៍កសិកម្មតាមរយៈគម្រោង «សហគមន៍កសិកម្មទំនើប» និងលើកស្ទួយប្រព័ន្ធអេកូឡូស៊ីកសិឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន។ ក្រសួងកសិកម្ម នឹងជួយលើបច្ចេកទេសក្នុងការដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈសហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈកម្មវិធីកសាងសមត្ថភាពនានា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ (KE)ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

កិច្ចសហការនេះមានគោលបំណងជំរុញកំណើន និងទំនើបកម្មនៃសហគមន៍កសិកម្មតាមរយៈគម្រោង «សហគមន៍កសិកម្មទំនើប» ។ គម្រោងនេះមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំដែលមានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងគុណភាព និងបរិមាណ។

លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីកសិករជាសមាជិកក្នុងផលិតកម្មកសិកម្ម និងការគ្រប់គ្រងរួមគ្នាប្រកបដោយប្រសិទ្ធភាព។ វិធីសាស្ត្រសហការរួមគ្នានេះមានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងទីផ្សារគ្រប់ចំណុច រួមទាំង គុណភាព បរិមាណ តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍។ បន្ទាប់មកប្រាក់ចំណេញនឹងត្រូវបានបែងចែកទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិក។ ជាផ្នែកមួយនៃកិច្ចសហការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើការផ្តល់ការគាំទ្រមួយចំនួនដូចជា បច្ចេកទេសក្នុងការដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈកម្មវិធីកសាងសមត្ថភាពនានា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា៖

«កិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហគ្រិនខ្មែរនេះ នឹងជួយពង្រឹងកម្មវិធីគោលនយោបាយអាទិភាព “សហគមន៍កសិកម្មទំនើប លើផ្នែកសហគ្រិនភាព និងការគ្រប់គ្រង។ តាមរយៈជំនាញនិងបទពិសោធរបស់សហគ្រិនខ្មែរ ខ្ញុំសង្ឃឹមថា សហគមន៍កសិកម្មទំនើបនឹងអាចសម្រេចបាននូវគោលបំណងបង្កើនភាពប្រកួតប្រជែងនៃកសិកម្មកម្ពុជា តាមរយៈការចងក្រង និងប្រមូលផ្តុំការធ្វើផលិតកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់»។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ៖

«ការចុះហត្ថលេខានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មក្នុងវិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជំនាញអាជីវកម្ម ដើម្បីលើកស្ទួយប្រព័ន្ធអេកូឡូស៊ី កសិ-ឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន»។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាហត្ថលេខីនៃអនុស្សរណៈយោគយល់គ្នាបានមានប្រសាសន៍ថា ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងបង្កើតក្រុមការងារកម្រិតជំនាញបច្ចេកទេស ដើម្បីរៀបចំផែនការសកម្មភាព បង្កើតយន្តការវាយតម្លៃរួម ធ្វើបច្ចុប្បន្នភាព និងពិភាក្សាផ្តល់យោបល់ក្នុងន័យធានាដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបន្តថា៖

«កិច្ចសហការរវាងក្រសួងកសិកម្ម និងសហគមន៍កសិកម្មទំនើបនេះ បង្កើតឡើងដើម្បីពឹងផ្អែកលើជំនាញនិងបទពិសោធន៍របស់សហគ្រិនខ្មែរក្នុងការជួយគាំទ្រផ្នែកបច្ចេកទេសដល់សហគមន៍កសិកម្មទំនើបសំដៅជំរុញសហគមន៍នេះអាចដំណើរការបានដូចជាសេដ្ឋកិច្ចឯកជនដូច្នេះដែរ។ សហគ្រិនខ្មែរមានជំនាញខាងសហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្ម ចំណែក​ក្រសួងកសិកម្មមានជំនាញខាងការងារបច្ចេកទេស ហើយកសិកម្មទំនើបទាមទារឱ្យមានជំនាញទាំងពីរនេះ។ ដូច្នេះ ដើម្បីអនុវត្តនូវកម្មវិធីនយោបាយអាទិភាពរបស់រដ្ឋាភិបាលបានជោគជ័យ ទើបយើងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្នានេះឡើង ដើម្បីធ្វើយ៉ាងណាជួយគាំទ្រដល់សហគមន៍កសិកម្មទំនើបដែលយើងកំពុងរៀបចំ ក៏ដូចជាគ្រោងនឹងបង្កើតនាពេលអនាគតផងដែរ»។